រដ្ឋមន្ដ្រីកសិកម្ម សង្ឃឹមថា អូស្ត្រាលី នឹងបន្តជួយគាំទ្រ លើវិស័យកសិកម្មកម្ពុជា ក្រោយស្ថានភាព ជំងឺឆ្លងកូវីដ- ១៩ ធូរស្រាល
ភ្នំពេញ៖ តាមរយៈលោក ប៉ាប់ឡូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីក ចម្រើនប្រកបដោយនិរន្តរភាព ហើយជាពិសេស វិស័យកសិកម្ម បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ- ១៩ ត្រូវបានល្អប្រសើរ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម។
ថ្លែងក្នុងជំនួបជាមួយលោក វេង សាខុន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ជាមួយលោក ប៉ាប់ឡូ កាង (Pablo Kang) បានលើកឡើងថា ស្ថិតក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំងជំងឺឆ្លង សកលកូវីដ-១៩ វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ដើម្បីរក្សានិរន្តរភាព នៃជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ក្នុងបរិបទនេះ លោក Kang បានសម្តែងនូវចេតនា ចង់ពិភាក្សាជាមួយលោករដ្ឋមន្រ្តីផងដែរ ក្នុងនាមរដ្ឋាភិបាលអូស្រ្តាលី ថាតើត្រូវធ្វើយ៉ាងណាដើម្បីជួយគាំទ្រ និងចូលរួមដោះស្រាយបញ្ហានេះ ។
ជាការឆ្លើយតប លោក វេង សាខុន បានសម្តែងអំណរអរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបាននិងបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មាន វិស័យកសិកម្ម តាមរយៈការអនុវត្តគម្រោងជាច្រើន ជា ពិសេសគម្រោង ស្តីពីកម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា (CAVAC, ២០១៦-២០២១) ដែលគម្រោងនេះ បាននិងកំពុងចូលរួមអនុវត្ត គោលនយោបាយ និងផែនការអភិវឌ្ឍ វិស័យកសិកម្ម (២០១៩-២០២៣) យ៉ាងសកម្ម។
លោករដ្ឋមន្រ្តីបន្តថា គម្រោងទាំងអស់នេះ ពិតបានចូលរួមលើក កម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារ ធានាសន្តិសុខស្បៀង បង្កើនការនាំចេញ ប្រកួត ប្រជែង សំដៅលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមបញ្ហា ជំងឺឆ្លងសកលកូវីដ-១៩ និងជាពិសេស ស្របតាមការអំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឱ្យប្រជាពលរដ្ឋត្រូវខិតខំ ធ្វើការដាំដុះ ជម្រុញផលិតកម្មកសិកម្ម ដើម្បីបង្កើនបរិមាណ ផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ព្រមជាមួយគ្នាត្រូវឆ្លៀតយក ឱកាសនេះ បង្កើតជាកាលានុវត្តភាព សម្រាប់វិស័យកសិកម្ម ក្រសួងបានដាក់ចេញនូវ វិធានការសំខាន់ៗមួយចំនួន ក្នុងបំណងច្បាមយកកាលានុវត្តភាព បង្កើនផលិតភាពផលិតកម្ម ធានាដល់ការផ្គត់ផ្គង់ស្បៀង សម្រាប់ទ្រទ្រង់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋ និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះផងដែរ លោកឯកអគ្គរដ្ឋទូតបានឯកភាព និងយល់ស្របតាមអ្វី ដែលលោករដ្ឋមន្រ្តី បានជម្រាបជូនខាងលើ ព្រោះជាក់ស្តែងប្រជាកសិករ ដែលស្ថិតក្នុងគោលដៅ របស់គម្រោងបាន និងកំពុងមានការកែប្រែ ជាវិជ្ជមានទាំងទម្លាប់ កម្រិតជីវភាព កំណើនចំណូល ស្តែងចេញឲ្យឃើញ តាមរយ:ពួកគាត់មានរបររឹងមាំ បង្កើនរដូវដាំដុះ និងបង្កើនទិន្នផល និយាយរួមស្ថានភាពជីវភាពគ្រួសារ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។
លោកទូតបន្តថា ម៉្យាងវិញទៀត អ្វីដែលលោករដ្ឋមន្រ្តី បានលើកឡើងពាក់ព័ន្ធ និងការអភិវឌ្ឍវិស័យកសិកម្ម គឺពិតជាស្របតាមផែនការ យុទ្ធស្រាយនៃជំនួយ របស់រដ្ឋាភិបាលអូស្រ្តាលីថ្មី ដែលផែនការនេះ ផ្តោតជាសំខាន់ លើការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មកសិ កម្ម ដោយសំដៅលើ ការធ្វើពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម បង្កើនផលិតភាព ការកែច្នៃ ស្តង់ដារគុណភាព ជារួមបង្កើនខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម។
លោក Kang បានបញ្ជាក់ជូនថា បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានល្អប្រសើរឡើងវិញ លោកនឹងចុះទៅតាមបណ្តាខេត្ត គោលដៅរបស់គម្រោង ដើម្បីធ្វើការវាយតម្លៃលើ តម្រូវការជាក់ស្តែង ជាពិសេសលើផលិតកម្មស្រូវ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានលើកយកប្រធានបទសំខាន់ៗ មកពិភាក្សាផងដែររួមមាន៖ – ស្ថានភាពសុវត្ថិភាពស្បៀង បន្ទាប់ពីជំងឺកូវីដ-១៩ – ការធ្វើកសិកម្មតាមកិច្ចសន្យា – ការអភិវឌ្ឍវិស័យវារីវប្បកម្ម – ការនាំចេញអង្ករក្រអូប ទៅកាន់ប្រទេសអូស្រ្តាលី – ការគ្រប់គ្រងសត្វល្អិតចង្រៃ – ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកសិកម្ម តាមរយ:ការផ្តល់អាហា រូបករណ៍ និងការអភិវឌ្ឍ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច៕ E B